mgid1

ពេជ្រ អាវីហ្សា មិនប្ដឹងបន្ថែមទៅលើអតីតសង្សារទេ តែនឹងទទួលយកគ្រប់ចំណាត់ការរបស់​តុលាការ


ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាសម្រេចឃុំខ្លួនលោក គៀង ហេង ប្អូនថ្លៃឧកញ៉ា ទ្រី ភាព និងជាអតីតសង្សារតារាសម្ដែងកញ្ញា ពេជ្រ អាវីហ្សា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ទោះបីជាកញ្ញា ពេជ្រ អាវីហ្សា មិនប្តឹងបន្ថែមលើករណីហិង្សាមកលើនាងក៏ដោយ។

លោក អ៊ី ឃាង ចៅក្រមស៊ើបសួររបស់តុលាការខេត្តព្រះសីហនុបានបញ្ជាក់ថា ផ្អែកតាមផ្លូវច្បាប់បើទោះជាជនរងគ្រោះសម្រេចមិនដាក់ពាក្យបណ្ដឹង ក៏បញ្ហាដែលបានបង្កឡើងនៅតែត្រូវបានសម្រេចដាក់បន្ទុក ដោយប្រព័ន្ធច្បាប់ និងតុលាការព្រោះវាជាករណីហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្មទណ្ឌ ។ ដូចនេះហើយទើបស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលប្រចាំខេត្ត បានកោះហៅភាគីទាំងពីរទៅធ្វើកំណត់ហេតុ ហើយបញ្ជូនជនត្រូវចោទលោកគៀង ហេង ទៅកាន់តុលាការ។


យោងតាមដីការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នរបស់លោក អ៊ី ឃាង ចៅក្រមស៊ើបសួររបស់តុលាការខេត្តព្រះសីហនុ បានសម្រេចឃាត់ខ្លួនលោក គៀង ហេង អាយុ២០ឆ្នាំ និងត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្មទណ្ឌ។ ទោះយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតថា តុលាការនឹងមានចំណាត់ការបែបណា និងត្រូវកាត់ទោសលើករណីនេះនៅថ្ងៃណានោះដែរ។

ចំណែកកញ្ញា ពេជ្រ អាវីហ្សា បានប្រាប់អោយដឹងថា មូលហេតុដែលធ្វើអោយនាងសម្រេចចិត្តមិនប្តឹងបន្ថែមទៅលើអតីតសង្សារដែលបានប្រើហិង្សាមកលើនាង ព្រោះបុរសនោះបានធ្វើការសុំទោសនាងជាសាធារណៈ និងបានសន្យាឈប់ចងពៀររួមទាំងការផ្តល់នូវសេរីភាពគ្រប់គ្រាន់។ នាងបន្ដថា រូបនាងសប្បាយចិត្តបន្ទាប់ពីជនបង្កហេតុបានធ្លាក់ដល់ដៃតុលាការហើយនាងនឹងទទួលយកគ្រប់បែបយ៉ាងតាមការសម្រេចរបស់មន្ត្រីតុលាការ។

គួរបញ្ជាក់ដែរថា ករណីហិង្សាវាយដំតារាសម្ដែង ពេជ្រ អាវីហ្សា ដោយអតីតសង្សាររបស់នាង កើតឡើងកាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងក្លឹបកម្សាន្តមួយនាខេត្តព្រះសីហនុ។ អ្នកប្រព្រឹត្តិត្រូវបានគេស្គាល់ថា ជាអតីតគូស្នេហ៍មានឈ្មោះថា គៀន ហេង និងជាប្អូនថ្លៃអ្នកឧកញ៉ា ទ្រី ភាព៕ ហាមចំលងដោយគ្មានការអនុញ្ញាតិ
Mgid2
Mgid3
    Blogger Comment
    Facebook Comment

0 comments:

Post a Comment